របាយការណ៍សង្ខេបនេះ គឺបង្ហាញនូវទិន្នន័យនៃភារកិច្ចមួយចំណែកក្នុងភារ​កិច្ចទូទៅនៃលេខា ធិការដ្ឋានដែលធ្វើការ​ផ្សព្វផ្សាយឯកសារ​ប្រវត្តិសាស្ដ្រ អក្សរសាស្ដ្រ វប្បធម៌ ប្រពៃណី សាសនា ច្បាប់ សិទ្ធិ និងលិខិតូបករណ៍ដទៃទៀតរបស់អន្តរជាតិ និងអង្គការសហប្រជាជាតិដល់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម។

តាម​ ដានរាល់ការអភិវឌ្ឍ និងការរំលោភសិទ្ធិខ្មែរកម្ពុជាក្រោម។ ជួយធ្វើអន្តរាគមន៍រាល់ករណីរំលោភសិទ្ធិ ខ្មែរកម្ពុជាក្រោម។ តាមដានព័ត៌មាន​ស្ដីពីស្ថានភាព​សិទ្ធិជា​មូលដ្ឋាន​របស់​ខ្មែរ​កម្ពុជាក្រោម។
ឆ្លង​កាត់សកម្មភាពពេញមួយឆ្នាំកន្លងមក លេខាធិការដ្ឋាន បាន​សម្លឹងឃើញថា អង្គការ សមាគមខ្មែរ កម្ពុជាក្រោម តោងយកចិត្តទុកដាក់ ឬដាក់​ក្ដីបារម្ភ​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​ខ្មែរកម្ពុជា​ក្រោម​ ជាពីរផ្នែកគឺ ១. ស្ថានភាពសិទ្ធិមនុស្សខ្មែរក្រោមនៅលើ​ទឹកដីកម្ពុជាក្រោម ឬ​វៀតណាម​ភាគ​ខាងត្បូងបច្ចុប្បន្ន។ ២. ស្ថានភាព​សិទ្ធិមនុស្សខ្មែរក្រោមនៅកម្ពុជា។ បើទោះបីជាក្នុងក្របខណ្ឌច្បាប់មានវិសាលភាពតែនៅលើទឹកដី កម្ពុជាក៏ដោយ។ ក៏ប៉ុន្ដែបញ្ហា​សិទ្ធិមនុស្សគឺជាបញ្ហា​សកល មិនសម្រាប់តែប្រទេស​ណាមួយនោះទេ ហើយជា ជាក់​ស្ដែង​ផង​នោះ ប្រទេសវៀតណាម ក៏ជាប្រទេសហត្ថលេខីទទួលយកនូវសេចក្ដី​ប្រកាសជាសកល នៃអង្គ ការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនេះផងដែរ ដូច្នេះត្រូវ​មានកាតព្វកិច្ច​គោរព​​សិទ្ធិមនុស្ស​​ទាំងអស់គ្នា។ ម៉្យាងទៀតខ្មែរនៅ​កម្ពុជាក្រោម ឬវៀតណាមភាគខាងត្បូងបច្ចុប្បន្ន គឺជាខ្មែរតែមួយ។ ផ្អែកលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា វាក្យខណ្ឌទី២ នៃមាត្រាទី​៣៣ ចែងថា “ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ”។ ដូច្នេះខ្មែរក្រោម ដែលកំពុងរស់នៅលើ​ទឹកដីកម្ពុជា​ក្រោម​ត្រូវ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ ពីមាត្រា​ទី៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជានេះ។ ជាងនេះទៅទៀត បើទោះបី​ជា​ប្រទេស​វៀតណាម​បាន​ទទួលស្គាល់​សេចក្ដីប្រកាស​ជា​សកល​របស់​ អង្គការ​សហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សក៏ដោយ ក៏អង្គការសហប្រជាជាតិមិនបានដាក់ការិយាល័យរបស់ខ្លួននៅក្នុងប្រទេសវៀតណាមទេ ដូច្នេះធ្វើឲ្យមានការលំបាកក្នុងការអនុវត្ត និងការការពារ​សិទ្ធិមនុស្សនៅទីនោះ។
ស្របក្នុងឱកាស​ទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបទី៦៤ឆ្នាំ (១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០១២) នេះ លេខាធិការដ្ឋាន នឹងជូននូវស្ថានភាព​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន​សម្រាប់​ ជាការ​ពិចារណា ក៏ដូចជាការស្វែងរកដំណោះស្រាយពីមន្ដ្រីការពារសិទ្ធិមនុស្សដូចតទៅ៖
អំពី​សាវតា​ខ្មែរកម្ពុជាក្រោម
ប្រជាពលរដ្ឋខ្មែរ​កម្ពុជាក្រោម គឺជាខ្មែរដែលមានដើមកំណើតនៅឯដែនដីកម្ពុជាក្រោម បច្ចុប្បន្នវៀតណាមខាងត្បូង ដែលមានផ្ទៃដី ៦៨,៩៦៥ គីឡូម៉ែត្រក្រឡា មាន១៤,៧៧៨ ភូមិ មាន១,៣៦៨ ឃុំ មាន១៧១ ស្រុក មាន២១ ខេត្តក្រុង មានប្រជាពលរដ្ឋខ្មែរ១២លាននាក់ (ទិន្នន័យឆ្នាំ១៩៩៨)  មានវត្តព្រះពុទ្ធសាសនាខ្មែរ៥៦៧វត្ត មានព្រះសង្ឃ​ព្រះពុទ្ធសាសនា​ខ្មែរ​ជាង​២មឺនអង្គ (ទិន្នន័យឆ្នាំ១៩៩៨) ហើយមានទីក្រុងមួយឈ្មោះថា “ទីក្រុងព្រៃនគរ” បច្ចុប្បន្នរដ្ឋាភិបាលវៀតណាមបានប្តូរទៅជាទីក្រុងហូជីមិញ។ ដែន​ដី​កម្ពុជា​ក្រោម​នេះ​ត្រូវ​បាន​អាណាព្យាបាល​ បារាំងផ្ទេរទៅអោយវៀតណាមធ្វើអាណានិគមត្រួតត្រាបន្ត កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ តាមច្បាប់បារាំងលេខ ៤៩/៧៣៣។ ចាប់តាំង​ពីការ​ធ្វើ​អាណានិគម​ត្រួតត្រាបន្តរបស់រដ្ឋាភិបាលវៀតណាម ពេលនោះខ្មែរកម្ពុជាក្រោមត្រូវបានប្រឈមទៅនឹងបញ្ហាជាច្រើនដូចជា៖ គ្មានសាលារៀនអក្សរសាស្រ្តខ្មែរស្របច្បាប់ ពុំមាន​សេរីភាព​ក្នុង​ការគោរព និងអនុវត្តទំនៀមទំលាប់ប្រពៃណីរបស់ខ្លួន សេរីភាពក្នុងការគោរពជំនឿសាសនា និងមានបញ្ហាប្រឈមជាច្រើនទៀត។ ការរុកកួន ការបៀតបៀន ការរំលោភ​បំពាន និងការរើសអើងប្រកាន់ពូជសាន៍ ទាំងអស់នេះគឺជាការរំលោភសិទិ្ធមនុស្សដ៏ធ្ងន់ធ្ងរបំផុតដែលប្រព្រឹត្តដោយរដ្ឋាភិបាលវៀតណាម និងរដ្ឋធម្មនុញ្ញ​របស់​រដ្ឋាភិបាល​នេះ។ ខ្មែរកម្ពុជាក្រោមគឺជាប្រជាពលរដ្ឋដែលជាជនអន្តោគ្រាម (ជនជាតិដើម) ជាម្ចាស់ទឹកដីនៃវៀតណាមខាងត្បូង ផ្ទុយទៅវិញពួកគាត់បានក្លាយទៅជាជនរងគ្រោះ ជាជនជាតិភាគតិចនៅលើទឹកដីរបស់ខ្លួន នេះយោងទៅតាមច្បាប់ចែងក្នុងរដ្ឋធម្មនុញ្ញនៃរដ្ឋាភិបាលវៀតណាម។
-អំពី​ស្ថាន​ភាពខ្មែរ​ក្រោមនៅកម្ពុជា

បញ្ហា​ប្រឈមទាំង​ឡាយដូចដែលបានរៀបរាប់មកខាងលើ ដែលធ្វើអោយខ្មែរកម្ពុជាក្រោមមិនអាចស៊ូទ្រាំបាន។ ដើម្បីគេចពីបញ្ហាប្រឈមទាំងនោះ ពួក គាត់ បាន ចាកចេញ ទាំង បង្ខំចិត្ត ពីដែនដី និងមាតុភូមិជាទីស្រឡាញ់របស់ខ្លួនមករស់នៅប្រទេសកម្ពុជា។ ការមករស់នៅប្រទេសកម្ពុជា ពួកគាត់សង្ឃឹមថាមានភាពកក់ក្តៅ និងរស់នៅដោយសុខដុមរមនា ពីព្រោះថាពួកគាត់ក៏ជា​ខ្មែរដែរ ផ្ទុយទៅវិញក្តីសង្ឃឹមទាំងនោះ បានក្លាយទៅជាការប្រឈមទៅនឹងបញ្ហាបន្ថែមលើពីនោះទៀត ដោយប្រជាពលរដ្ឋកម្ពុជា និងអាជ្ញារធរមូលដ្ឋានមួយ​ចំនួន​បាន​ចាត់​ទុក​ពួកគាត់​ជាជន​ អន្តោប្រវេសន្តវៀតណាមទៅវិញ។
យោងតាមបទពិសោធន៍ធ្វើការជាមួយខ្មែរកម្ពុជាក្រោមផ្ទាល់ និង​ផ្អែក​ទៅតាមការស្រាវជ្រាវ និងប្រមូលព័ត៌មាន ហើយ​បាន​សរសេរ​របាយការណ៍ដោយ សមាគមខ្មែរកម្ពុជាក្រោម ដើម្បី​សិទិ្ធ​មនុស្ស និងអភិវឌ្ឍន៍ បានកំណត់នូវបញ្ហាជាក់លាក់មួយចំនួន ដែលប្រឈមទៅនឹងការរស់នៅរបស់​ខ្មែរកម្ពុជាក្រោម​ បច្ចុប្បន្នកំពុងរស់នៅព្រះរាជាណាចក្រកម្ពុជា បញ្ហា​ទាំង​នោះដូចជា៖ ការរស់នៅដោយគ្មានអត្តសញ្ញាណស្របច្បាប់ រស់នៅតាមដំបន់សំណង់បណ្តោះអាសន្ន (ដំបន់អាណាធិបតេយ្យ) ដូចជាតាមភ្លឺប្រឡាយ ឬអាងទឹកជាដើម ដោយ​គ្មាន​ដីសាង​សង់​លំ​នៅស្ថាន និងធ្វើស្រែចំការ ក្រីក្រគ្មានជំនាញ និងចំណេះដឹងសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិត រកចំណូលបានតិចជាងចំណាយ បញ្ហាអំពើហិង្សាក្នុងគ្រួសារ និង​ខ្វះ​ការរួបរួម​សាម​​គ្គីគ្នា មាន​ទំនាស់ក្នុងសហគមន៍ និង​អ្នកមានអំណាច ក្មេងមិនបានទៅសាលា ខ្លះបោះបង់ចោលសាលា និងខ្លះមិនចេះអក្សរ។ ទាំង​នេះ​គឺជាបញ្ហា​ដ៏ធ្ងន់ធ្ងរ​ចំពោះខ្មែរ​កម្ពុជា​ក្រោម​ ដែលកំពុងរស់នៅព្រះរាជាណាចក្រកម្ពុជា ពិស្តារបញ្ហាទាំងនោះនឹងរៀបរាប់លំអិតដូចខាងក្រោមនេះ ៖
បញ្ហាអត្តសញ្ញាណកម្ម
បញ្ហានេះទាក់ទងទៅនឹងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតស្នាក់នៅ និងសៀវភៅគ្រួសារជាដើម។ ដូចដែលបានរៀបរាប់មកខាងលើ ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មួយ​ចំនួ​ន​​កំពុងរស់​នៅ​ប្រទេសកម្ពុជា ត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរមួយចំនួនចាត់ថាពួកគាត់ជាជនអន្តោប្រវេសន្ត ហើយ​ពួកគាត់ត្រូវបានបដិសេធមិនព្រមផ្តល់អោយ​ឯកសារទាំងនោះដោយប៉ូលិស ឬអាជ្ញាធរមានសមត្ថកិច្ច ល្គឹកណាពួកគាត់មិនបានចំណាយថវិកាទៅអោយប៉ូលិស។ ម៉្យាងវិញទៀតពួកគាត់ត្រូវតែផ្លាស់ប្តូរប្រវតិ្តរូប ឬទីលំនៅពីកម្ពុជាក្រោម​មកកម្ពុជា ដោយឆ្លើយប្រាប់ប៉ូលិសថាកើតនៅខេត្តស្វាយរៀង ឬបាត់ដំបង ឬខេត្តដទៃទៀតជាដើម។ល។ ទង្វើ​បែប​នេះដែល​បង្ហាញ​នូវអំពើ​ពុករលួយ​របស់​មន្រ្តីរាជ​ការ ការរំលោភសិទិ្ធមនុស្ស ការរើសអើងប្រកាន់ពូជសាសន៍យ៉ាងពិតប្រាកដ។
ការរស់នៅតាមដំបន់សំណង់បណ្តោះអាសន្ន
គិតជាផ្លូវការខ្មែរកម្ពុជាក្រោមភាគច្រើនមករស់នៅកម្ពុជា ក្នុងទស្សវត្សរ៍៨០ ខ្លះទៀតក្នុងទស្សវត្សរ៍៩០ នៅពេលដែលមកដល់ប្រទេសកម្ពុជាដោយគ្មានទីតាំងរស់នៅពិតប្រាកដ ខ្លះ​ក៏ធ្វើ​ទាំង​បង្ខំចិត្ត​បានបោះទីតាំងរស់នៅតាមភ្លឺប្រឡាយ ឬភ្លឺអាងជាដើម  ដោយសង់ជាកូនខ្ទមប្រក់​ជាដំបូលស្បូវ និងសសរតូចៗដែលមានទំហំប្រហែលជា ៣x៤ ម៉ែត្រ សម្រាប់​ជាទី​ជម្រក​ពីបួន​ទៅប្រាំនាក់នៃសមាជិកគ្រួសារនីមួយៗ។ ដូចបានរៀបរាប់ខាងលើនេះ ការរស់នៅរបស់ពួកគាត់ទាំងនោះគឺភាគច្រើនគ្មានអត្តសញ្ញាណច្បាស់លាស់ បញ្ហា​ប្រឈម​ទៅអនាគត គឺ​ដំបន់កំពុងរស់នៅត្រូវបានរដ្ឋាភិបាលរៀបចំអភិវឌ្ឍន៍ ពួកគាត់នឹងត្រូវបានបណ្តេញចេញ ពេលនោះអាចប្រឈមទៅនឹងភាពតែលតោល គ្មានទីសំចត បើត្រឡប់ទៅ​ដែនដីកំណើតវិញ​ ពួកគាត់នឹងប្រឈមកាន់តែខ្លាំងពីការរឹតបន្តឹងពីអាជ្ញាធរវៀតណាម។
ការប្រកបមុខរបរចិញ្ចឹមជីវិត
ការរស់នៅតាមដំបន់ជនបទដាច់ស្រយាល តាមធម្មតាទាមទារអោយមានដីធ្វើស្រែចំការ និងមានជំនាញបន្ទាប់បន្សំ ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ផ្ទុយទៅវិញដូចបាន​រៀប​រាប់​ខាងលើ ការរស់នៅដោយគ្មានដីសង់លំនៅឋាន ដីធ្វើស្រែចំការ ដែលក្រុមគោលដៅទាំងនោះភាគច្រើនគឺអ្នកប្រកបមុខស៊ីស្នួលគេ ដោយរក​ចំណូល​បានត្រឹម​តែបង្គ្រប់​ប្រចាំ​ថ្ងៃ ពេលខ្លះចំណូលបានតិចជាងចំណាយ។ ក្នុងរដូវវស្សាពួកគាត់ប្រកបមុខរបរតាមរយៈការស៊ីឈ្នួលដកស្ទូង ឬច្រូតកាត់ ឬបង្ខំចិត្តធ្វើជាអ្នកនេសាទខុសច្បាប់ ឬក៏ស៊ី​ឈ្នួលដឹក​រុញទំនិញគេចពន្ធឆ្លងកាត់​ព្រំដែន។ រីឯរដូវប្រាំងវិញខ្លះបានខ្ចីបុលពីគ្រួសារអ្នកមានដើម្បី​ យកមកទប់ទល់ជីវភាពប្រចាំថ្ងៃ និងសងត្រឡប់ទៅវិញនូវកម្លាំងពលកម្មនៅរដូវវស្សា។ ខ្លះទៀត​ចាកចេញចោលគ្រួសារ ប្រពន្ធកូនទៅកន្លែងដទៃ ឬប្រទេសជិតខាងដើម្បីស្វែងរកចំណូល។ បញ្ហាទាំងនេះសឹងតែកើតឡើងគ្រប់ដំបន់គោលដៅទាំងអស់។
អំពើហិង្សា​ក្នុងគ្រួសារ និងខ្វះការរួបរួមសាមគ្គីគ្នា
ដោយសារ​តែជីវភាពខ្វះខាត ការគ្មានមុខរបរពិតប្រាកដ ភាពតានតឹង និងតប់ប្រមល់ តែងតែកើតឡើងជាញឹកញាប់ ពេលនោះ​អំពើហិង្សាក៏​មាន​ក្នុង​ចំណោម​គ្រួសារទាំងនោះ ខ្លះទៀតដែល​បណ្តាលអោយមានការបែកបាក់គ្រួសារលែងលះគ្នា ខ្លះទៀត​អាច​បណ្តាល អោយមានការខូចខាត​បាត់បង់ទ្រព្យសម្បត្តិដ៏តិចតួចដែលសន្សំបាន។ ដោយសារតែភាព​ក្រីក្រ គ្រួសារខ្លះទៀតគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនបានសែ្វងយល់អំពីសារសំខាន់នៃការជួយគ្នាទៅវិញទៅមក និងផលប៉ះពាល់សណ្តាប់ឆ្នាប់សហគមន៍ ដែល​បណ្តាល​អោយ​មាន​ការបែកបាក់សាមគ្គីគ្នា មិនអើពើគ្នា និងអសន្តិសុខសហគមន៍មានការកើតឡើងជាដរាប។
ស្ថានភាពនៃការសិក្សាអប់រំ

ដូចដែលបានថ្លែងពីបញ្ហាខាងដើម ខ្មែរកម្ពុជាក្រោមកាលដែលរស់នៅឯកម្ពុជាក្រោម គឺមិនបានទទួលការសិក្សាអប់រំគ្រប់គ្រាន់ ការចេះអាន​ចេះ​សរសេរ​អក្សរ​ខ្មែរ​ដោយ​សារ​ការលប​ រៀនលួចលាក់ពីភ្នែកអាជ្ញាធរវៀតណាម រីឯស្រ្តីភេទវិញសឹង៩៥ភាគរយមិនចេះអក្សរខ្មែរដែលជាអក្សរសាស្រ្តរបស់ខ្លួន។ ការមករស់នៅប្រទេសកម្ពុជា ដោយសារ​ជីវភាព​ក្រីក្រភាព​អនក្ខរកម្ម​ចំពោះស្រ្តីទាំងនោះ​នៅតែកើតមានឡើង រីឯកូនចៅរបស់ពួកគេវិញក៏មិនបានបញ្ជូនទៅសាលាដោយសារតែកង្វះខាតឯកសារដែលពាក់ព័ន្ធ រីឯគ្រួសារខ្លះទៀតក៏បាន​បញ្ជូន​កូន​ទៅសាលាដែរ តែដោ​យសារជីវភាពក្រីក្រនោះ ក៏បង្ខំចិត្តបោះបង់ចោលសាលាត្រឹមថ្នាក់ទី៤ ឬទី៥ ដើម្បីទុកពេលវេលាជួយកិច្ចការឪពុកម្តាយ។
ស្ថានភាពការងារនយោបាយ
    ប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា តែងតែងមានការយាយីរំខានពីកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន នៅ​ពេល​ដែលពួក​គាត់បាន​ចូលរួម​ចំណែក​ក្នុងការ​កិច្ចការ​នយោបាយណាមួយ ឬប្រមូលផ្តុំជួបជុំគ្នា ក្នុងលក្ខណៈជាអង្គប្រជុំ សិក្ខាសាលាពីគ្រោះយោបល់ ឬវគ្គបណ្តុះបណ្តាលផ្សេងៗទៀត។ សឹងតែគ្រប់សកម្មភាពក្នុងលក្ខណៈប្រមូលផ្តុំគ្នា តែងតែប្រឈម​ទៅនឹងការឃ្លាំមើល ការបង្ហាញកាយវិការក្នុងលក្ខណៈបែបគំរាមកំហែង ឬពេលខ្លះត្រូវបានកងកម្លាំងសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន​មិនត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​សកម្មភាព​ឡើយ។
អំពីស្ថានភាពខ្មែរក្រោមនៅកម្ពុជាក្រោម (វៀតណាមខាងត្បូងបច្ចុប្បន្ន)
    អំពីជំនឿ និងការប្រតិបត្តិសាសនា
    ខ្មែរកម្ពុជាក្រោម៩៥%គោរពព្រះពុទ្ធសាសនា ហើយបច្ចុប្បន្នមានវត្តនៅសល់តែជាង៥០០វត្ត មានព្រះសង្ឃ ជាង១០.០០០អង្គ។ នៅខេត្តមួយចំនួនក្នុងដែនដីកម្ពុជាក្រោម វត្ត​ព្រះពុទ្ធសាសនា​ខ្មែរ​ត្រូវអាជ្ញាធរវៀតណាមវាយកំទេចឲ្យរាបដល់ដី និងគម្ពីរដីកាដុតខ្ទេចខ្ទីអស់ ដូចជាខេត្តកំពង់ឫស្សី (វៀតណាមហៅថា បេនត្រែ) មានវត្តខ្មែរចំនួន២៥វត្តត្រូវរលាយសាប​សូន្យទាំងអស់ ដោយសារស្នាដៃអាជ្ញាធរវៀតណាម។ វត្តអារាមព្រះពុទ្ធសាសនាជាកន្លែងសម្រាប់ព្រះសង្ឃគង់នៅ បួសរៀនគោរពប្រតិបត្តិនូវពុទ្ធវចនៈ គឺជាកន្លែងរក្សានូវអត្តសញ្ញាណជាតិ អរិយធម៌ និងវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីរបស់ខ្មែរ។  ប្រសិនបើពុំមានវត្តដូចខេត្តកំពង់ឫស្សីទេនោះ  ខ្មែរកម្ពុជាក្រោមនឹងបាត់បង់នូវអត្តសញ្ញាណ​របស់ខ្លួនជាក់ជាពុំខាន។ ម្យ៉ាងវិញទៀត កិច្ចការព្រះពុទ្ធសាសនានៅតាមវត្តនីមួយៗនៅទូទាំងដែនដីកម្ពុជាក្រោម អាជ្ញា​ធរវៀត​ណាមបាន​លូកដៃចូលកិច្ចការផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរជាទីបំផុត ដូចជាសរសេរអក្សរវៀតណាមនៅលើជញ្ជាំងព្រះវិហារ និងក្លោងទ្វារវត្ត ព្រម​ទាំងត្រាព្រះចៅអធិការនៃវត្តនីមួយៗ ដែលពីដើមមក​ពុំធ្លាប់មានទាល់តែសោះ។ សព្វថ្ងៃនេះ អាជ្ញាធរវៀតណាមខេត្តឃ្លាំង ឬខេត្ត Soc Trang បានប៉ុនប៉ងចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោមមួយព្រះអង្គព្រះនាម ថាច់ ធឿន គង់នៅវត្តសិរីតា​សេក ឃុំតាសេក ស្រុកជ្រោយញក៍ ខេត្តឃ្លាំង ព្រោះព្រះអង្គបានប្រើប្រាស់ប្រព័ន្ធ Internet ទាក់ទងជាមួយពុទ្ធបរិស័ទខ្មែរនៅក្រៅប្រទេស។ ហើយអាជ្ញាធរវៀត​ណាម​បាន​ចាត់កម្លាំង​តាមឃ្លាំមើលព្រះអង្គគ្រប់សកម្មភាព។ ទង្វើរបស់អាជ្ញាធរវៀតណាមទាំងនេះជាការបំពានមកលើព្រះពុទ្ធសាសនាទាំងស្រុង។
អំពីវិស័យសិក្សាអប់រំ
ភាសាខ្មែរនៅកម្ពុជាក្រោម មិនត្រូវបានរដ្ឋាភិបាលវៀតណាមអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការទេ។ កូនខ្មែរត្រូវទាមទារឲ្យទៅរៀននៅសាលាភាសាវៀតណាម និង​និយាយ​ភាសា​វៀត​ណាម​នៅតាមបណ្ដាទីសាធារណៈ។ គ្មានសាលារៀនជាភាសាខ្មែរសម្រាប់ខ្មែរក្រោមទេ បើចង់ចេះអក្សរខ្មែរទាល់តែទៅរៀននៅវត្តឲ្យព្រះសង្ឃជួយបង្រៀន។ បើទោះ​បីជា​មាន​ប្រព័ន្ធ​អប់រំតាមបែបពុទ្ធិកសិក្សា ដែលរៀបចំឡើងដោយក្រុមព្រះចៅអធិការវត្តមានមនសិការស្នេហាជាតិ ដែលហៅថាសមាគមព្រះសង្ឃស្នេហាជាតិ ឬសមាគម​ព្រះសង្ឃ​ព្រះពុទ្ធសាសនា​ខ្មែរ​ថេរវាទនោះក៏ដោយ ក៏រដ្ឋាភិបាលវៀតណាមមិនបានទទួលស្គាល់ឲ្យប្រើប្រាស់ជាសាកលទេ។ កូនខ្មែរដែលរៀនចប់មធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) វៀតណាម ក៏គ្មានឱកាសបានទៅបន្តការសិក្សាមហាវិទ្យាល័យនៅបរទេសឡើយ ដូចជាសហរដ្ឋអាមេរិក ឬបារាំងជាដើម។ ចំពោះជន​ជាតិវៀតណាមគឺបាន​ទៅរៀននៅ​បរទេស​យ៉ាងច្រើន។ នេះបង្ហាញពីការរើសអើងប្រកាន់ពូជសាសន៍។
អំពីវិស័យសេដ្ឋកិច្ច
    ជនជាតិខែ្មរភាគច្រើនជាកសិករ ពួកគេមិនប៉ិនប្រសប់ក្នុងកិច្ចការជួញដូរទេ ពីមុនខ្មែរកម្ពុជាក្រោម មានជីវភាពធូរធារណាស់ ពីព្រោះមានដីស្រែចំការច្រើន។ ប៉ុន្តែក្រោយថ្ងៃរំដោះ​៣០ មេសា ឆ្នាំ១៩៧៥ មក រដ្ឋាភិបាលវៀតណាមមានវិធានការមកលើខ្មែរកម្ពុជាក្រោមជាបន្តបន្ទាប់មានដូចជា ការរឹបអូសយកដីធ្លី ស្រែចំការពីជនជាតិខ្មែរកម្ពុជាក្រោម យក​ទៅ​ចែក​ដល់​ប្រជាពលរដ្ឋវៀតណាម ដោយពុំមានជាសំណងណាមួយ ឬដោះដូរឲ្យសមស្របសម្រាប់ជនជាតិដើមខ្មែរកម្ពុជាក្រោមទេ ដោយពួកគេយកលេសថាដើម្បីអភិវឌ្ឍន៍។ ម្ល៉ោះហើយ​សព្វថ្ងៃនេះ ជនជាតិខ្មែរកម្ពុជាក្រោមធ្លាក់ខ្លួនក្រ ធ្វើជាកម្មករស៊ីឈ្នួលឲ្យវៀតណាម ព្រាត់ប្រាស់ក្រុមគ្រួសារ ចាកចោលភូមិ​ឋានទៅ​ធ្វើជា​កម្មករ​នៅគ្រប់​ទីកន្លែង​ទាំង​អស់។   
ប្រជាពលរដ្ឋខ្មែរដែលនៅមានដីស្រែចំការសម្រាប់បង្កបង្កើនផលនោះវិញ ក៏នៅតែគ្មានជីវភាល្អប្រសើទេ ព្រោះថា​គ្រប់​ប្រភេទ​ផលិត​ផល​ឧស្សាហកម្ម​របស់វៀតណាម​ត្រូវបាន​គេកំណត់​ ថ្លៃខ្ពស់។ រីឯជីពូជ ថ្នាំសង្កូវ ក៏កំណត់ថ្លៃខ្ពស់ដែរ។ ចំណែកផលិតផលកសិកម្មរបស់ខ្មែរត្រូវបានកំណត់ថ្លៃយ៉ាងទាប ធ្វើឲ្យចំណូលតិចជាងចំណាយ ម្លោះហើយ​ខ្មែរ​ក្រោម​បង្ខំចិត្ត​លក់​ដីស្រែចំការ ខ្លះខ្ចីបុលលុយនៅធនាគារដើម្បីធ្វើទុនរកស៊ីបន្ត ពេលគ្មានលុយសងបំណុល ធនាគាររឹបយកទ្រព្យសម្បត្តិ។ ស៊ូទ្រាំទៅនឹងបញ្ហាទាំងនេះមិនបាន ខ្មែរក្រោមក៏បង្ខំចិត្ត​ចាកចោល​ ស្រុកទៅរកស៊ីលក់កម្លាំងពលកម្មឲ្យវៀតណាមនៅតាមទីក្រុង និងទីប្រជុំជនធំៗ។ ខ្លះទៀតក៏បានសម្រេចចិត្តភៀសខ្លួន​មកសុំផ្ញើភព្វវាសនានៅ​ ព្រះរាជាណាចក្រកម្ពុជា។ រីឯលោក ចៅ ហេន ដែលជាសកម្មជនការពារដីធ្លីខ្មែរកម្ពុជាក្រោមកំពុងតែជាប់ពន្ធនាគារនៅខេត្តមាត់ជ្រូក ដែលវៀតណាមហៅថាខេត្តចូវដុកនោះ ព្រោះលោកជា​មួយ​ និងប្រជាពលរដ្ឋខ្មែរក្រោមជាច្រើនផ្សេងទៀតបានតវ៉ាទាមទារយកដីស្រែចំការរបស់ដូនតាដែលវៀតណាមបានរឹបយកចែកឲ្យជនជាតិវៀតណាមនោះ។
អំពីសង្គមកិច្ច និងនយោបាយ
    ខ្មែរក្រោមធ្លាប់បានកាប់ឈើ ឆ្ការព្រៃ ការពារបូរណភាពទឹកដីរបស់ដូនតាខ្លួនមុនសម័យបារាំងធ្វើអាណានិគម និងក្នុងពេលបារាំងធ្វើអាណានិគម ព្រមទាំងក្នុង​ពេល​ដែល​វៀតណាម​​បាន​និងកំពុងធ្វើអាណានិគម។ មានន័យថា ខ្មែរក្រោមបានចូលរួមធ្វើការតស៊ូការពារមាតុភូមិគ្រប់កាលៈទេសៈ រួមទាំងពេល​ដែល​ប្រទេស​វៀតណាម​បានទទួលជោគជ័យ និងរំដោះបាននាថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ផងដែរ។ ភ្លាមៗពេលនោះ មានខ្មែរកម្ពុជាក្រោមបានធ្វើការនៅតាមភូមិ ឃុំ ស្រុក ខេត្តមួយចំនួន និងមាន​តំណាង​ឲ្យ​ខ្មែរមួយចំនួនធំគួរជាទីរីករាយខ្លះដែរ។ ប៉ុន្តែក្រោយមក កម្មាភិបាលខ្មែរដែលធ្វើការជាមួយបក្សកុម្មុយនីស្តវៀតណាមទាំងនោះ ត្រូវបានកាត់រំសាយបន្តិចម្តងៗរហូតដល់សព្វថ្ងៃសឹងតែអស់ពីអង្គភាព  ពិសេសកងទ័ពរបស់ខ្មែរត្រូវរំលាយចោលទាំងស្រុង។ ម្ល៉ោះហើយ សព្វ​ថ្ងៃនេះ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​យកចិត្ត​ ទុកដាក់ធ្វើការដើម្បីបំរើផលប្រយោជន៍ឲ្យខ្មែរកម្ពុជាក្រោម អំពីវិស័យសង្គមកិច្ច និងនយោបាយ គឺគ្មានទៀតទេ សូម្បីតែពាក្យថាកម្ពុជាក្រោម ក៏មិនអាចប្រើបានដែរ។
    បច្ចុប្បន្ន នៅកម្ពុជាក្រោមដែលគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម ខ្មែរក្រោមគ្មានសិទ្ធិក្នុងការទទួលព័ត៌មានដោយសេរីឡើយ ព្រោះរដ្ឋាភិបាល​វៀតណាម​ហាមមិន​ឲ្យស្ដាប់​វិទ្យុ​អាស៊ីសេរី RFA និងវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA ជាភាសាខ្មែរឡើយ។ រដ្ឋាភិបាលវៀតណាមហាមមិនឲ្យប្រើប្រាស់ និងបញ្ជាឲ្យដាក់ចុះនូវឧបករណ៍ DTV មិនឲ្យមើលទូរទស្សន៍​ក្នុងកម្មវិធីខ្មែរដែលចាក់ផ្សាយពីកម្ពុជា និងមិនឲ្យមើលព័ត៌មាន ឬព្រឹត្តិការណ៍ដែលមានរូបភាពពីបរទេសឡើយ។ ខ្មែរក្រោមគ្មានសិទ្ធិបង្កើតអង្គការ សមាគម និងសម្ដែងមតិបង្ហាញអំពី​ទុក្ខកង្វល់របស់ខ្លួនឡើយ ព្រោះរដ្ឋាភិបាលវៀតណាមហាម ដោយចោទថាជាការបង្ករកម្លាំងប្រឆាំង និងផ្តួលរំលំរដ្ឋាភិបាល។
    ពេលដែលខ្មែរក្រោមដែលរស់នៅកម្ពុជាធ្វើដំណើរទៅស្រុកកំណើតនៅកម្ពុជាក្រោម អាជ្ញាធរវៀតណាមបានតម្រូវឲ្យខ្មែរក្រោមទាំងនោះទៅជម្រាបអាជ្ញាធរ និងនាំខ្លួន​ខ្មែរក្រោម​ទាំង​ នោះទៅសួរចម្លើយនៅទីស្នាក់ការនគរបាលដើម្បីសួរដេញដោល និងសើរើអំពីសកម្មភាពខ្មែរក្រោមនៅកម្ពុជា។ មានការរឹបយកលិខិតឆ្លងដែនពីខ្មែរក្រោមទាំងនោះ និង​ចាប់បង្ខំខ្មែរក្រោមទាំងនោះធ្វើជាភ្នាក់ងារសម្ងាត់ឲ្យវៀតណាម ពេលត្រឡប់មកកម្ពុជាវិញត្រូវតាមដានសកម្មភាពខ្មែរក្រោមគ្នាឯង ហើយរាយការណ៍ជូនអាជ្ញាធរវៀតណាម។
សំណូមពរ

•    អាជ្ញាធរកម្ពុជា​គួរតែធ្វើការណែនាំបញ្ឈប់ការ​រើសអើងខ្មែរក្រោម និងបញ្ឈប់​ការសង្ស័យថា​ខ្មែរក្រោមមិន​មែនជាខ្មែរ បែរជាសម្គាល់ថាជាវៀតណាមនោះ។
•    អាជ្ញាធរកម្ពុជាគួរតែផ្តល់នូវឯកសារពាក់ព័ន្ធអត្តសញ្ញាណ​ខ្មែរស្របច្បាប់ ដល់ខ្មែរក្រោម ដោយមិនចាំបាច់​ប្ដូរត្រកូល ឈ្មោះ ភូមិកំណើត និងមិនត្រូវជំរិតទារប្រាក់ឡើយ។
•    អាជ្ញាធរកម្ពុជាគួរតែបញ្ឈប់ការបង្កភាពលំបាកដល់ខ្មែរក្រោម​ក្នុងសកម្មភាពចូលរួមកិច្ចការសង្គម។
•    អាជ្ញាធរកម្ពុជាគួរតែបញ្ឈប់សកម្មភាពគម្រាមកំហែងផ្នែក​បញ្ញាស្មារតីខ្មែរក្រោមតទៅ។
•    អាជ្ញាធរវៀតណាមត្រូវតែទទួលស្គាល់ខ្មែរកម្ពុជាក្រោមថា​ជាជនជាដើម ផ្ដល់សិទ្ធិសេរីភាពក្នុងការរក្សាភាសា និងអក្សសាស្ដ្រខ្មែរជាផ្លូវការ និងផ្តល់ឱកាសដល់ខ្មែរ​កម្ពុជាក្រោម​មាន​សាលារៀនជា​ភាសាខ្មែរឡើងវិញ។
•    អាជ្ញាធរវៀតណាម ត្រូវតែផ្តល់ឱកាស​ឲ្យកូនខ្មែរក្រោមបាន​ចេញទៅបន្តការសិក្សាមហាវិទ្យាល័យនៅ​ក្រៅប្រទេសឲ្យមានតុល្យភាពនឹងកូន​សិស្សជាជនជាតិវៀតណាមផង។
•    អាជ្ញាធរវៀតណាម ត្រូវតែផ្តល់សិទ្ធិសេរីភាពដល់ខ្មែរកម្ពុជាក្រោម​ឲ្យបានពេញលេញក្នុងការ​ប្រតិបត្តិសាសនា វប្បធម៌ និងគ្មានការកាឡៃវប្បធម៌ខ្មែរឡើយ។
•    អាជ្ញាធរវៀតណាមត្រូវតែលើកកំពស់វិស័យ​សេដ្ឋកិច្ចខ្មែរក្រោម បង្កលក្ខណៈឲ្យខ្មែរក្រោមរកចំណូល​បានច្រើនជាងចំណាយដើម្បីញ៉ាំងឲ្យមានជីវភាពធូរធារ។
•    អាជ្ញាធរ​វៀតណាម ត្រូវតែដោះលែងលោក ចៅ ហេន និងសងដីស្រែចំការមកលោក និងប្រជាពលរដ្ឋខ្មែរក្រោមទាំង​អស់នៅខេត្តមាត់ជ្រូកនោះមកវិញ។
•    អាជ្ញាធរ​វៀតណាម បញ្ឈប់ការនាំខ្លួនខ្មែរក្រោមទៅ​សួរចម្លើយនៅទីស្នាក់ការនគរបាល ពេលដែលពួកគាត់​ត្រឡប់មកពីកម្ពុជាម្តងៗ។
•    ឧត្តមស្នងការ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និងអង្គការអន្តរជាតិផ្សេងទៀត គួរតែបង្កើត​ការិយាយល័យរបស់ខ្លួនប្រចាំប្រទេសវៀតណាម ដើម្បីពិនិត្យ និងតាម​ដានការ​គោរពសិទ្ធិមនុស្ស​នៅក្នុងប្រទេសវៀតណាម។



ធ្វើនៅភ្នំពេញ ថ្ងៃទី........... ខែធ្នូ ឆ្នាំ២០១២                                                              
ជ. អង្គការ សមាគមខ្មែរកម្ពុជាក្រោមនៅព្រះរាជាណាចក្រកម្ពុជា
                                                                                                                               
  គឹម ស៊ីសំណា
ប្រធានលេខាធិការដ្ឋាន